ជំងឺទឹកនោមផ្អែម
ពត៌មានទូទៅ
ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលបណ្តាលមកពីការឡើងជាតិស្ករនៅក្នុងឈាម ហើយក្នុងពេលតែមួយ អ្នកជំងឺខ្លះ អាចមានការបញ្ចេញជាតិស្ករក្នុងទឹកនោម។ ជំងឺទឹកនោមផ្អែមមាន២ប្រភេទ ប្រភេទទី១ និងប្រភេទទី២ ដែលក្នុងនោះ ប្រភេទទី២ កើតញឹកញាប់ជាងគេ។ ជំងឺទឹកនោមផ្អែមប្រភេទទី១ ភាគច្រើនកើតលើមនុស្សវ័យក្មេង (Juvenile Diabetes or Insulin-dependent Diabetes)។ ជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនកើតទៅលើមនុស្សពេញវ័យ ដែលក្នុងនោះ មានការសុាំនឹងអ៊ីនស៊ូលីន ឬមានការធ្លាក់ចុះនៃអ៊ីនស៊ូលីន ធ្វើឲ្យកោសិកាមិនអាចស្រូបយកជាតិស្ករពីក្នុងឈាមដើម្បីយកទៅផលិតថាមពល បណ្តាលឲ្យជាតិស្ករនៅក្នុងឈាមកើនឡើងប៉ុន្តែអស់កម្លាំង និងឃ្លានស្ករបន្ថែមទៀត។
ការឡើងជាតិស្ករមួយចំនួន ដូចជាជំងឺទឹកនោមផ្អែមដែលកើតលើស្រ្តីដែលមានផ្ទៃពោះ (Gestational diabetes) និងការឡើងជាតិស្ករដំណាក់កាលដំបូង (Prediabetes) យើងអាចបញ្ចៀសបាន។
រោគសញ្ញាមួយចំនួននៃជំងឺទឹកនោមផ្អែម
រោគសញ្ញាស្រាល៖
ស្រែកទឹក និងនោមញឹក
អស់កម្លាំង ល្វើយ ខ្ជិល ខួរក្បាលខ្សោយ
ស្រកទម្ងន់ ឬដុះក្បាលពោះ
ឃ្លាន ប៉ុន្តែកាន់តែញុាំ កាន់តែឃ្លាន កាន់តែអត់កម្លាំង
ស្រវាំងភ្នែក
ស្បែកឡើងខ្មៅក្រាស់ ពិសេសជុំវិញកញ្ចឹងក និងក្លៀក
ស្ត្រីអាចប្រែប្រួលរដូវ ឬឡើងទម្ងន់
គេងមិនសូវលក់ ឬគេងលក់មិនស្កប់
ស្ពឹក ឬក្រហាយបាតដៃ បាតជើង
រលាកផ្លូវនោម ផ្លូវដង្ហើម ឬរលាកស្បែក
ឡើងសម្ពាធឈាម និងជាតិខ្លាញ់
រោគសញ្ញាធ្ងន់ធ្ងរ៖
ងងឹតភ្នែក
ដំបៅជើង ត្រូវកាត់ជើង
ឈឺ ឬគាំងបេះដូង
ខ្សោយ ឬបែកសរសៃឈាមខួរក្បាល
បើលោកអ្នកមានរោគសញ្ញាដូចខាងលើ លោកអ្នកគួរប្រញាប់ទៅជួបវេជ្ជបណ្ឌិតភ្លាម កាន់តែឆាប់ កាន់តែល្អ ដើម្បីចាប់ផ្តើមការព្យាបាលកុំឲ្យខកពេលវេលា។